ព្រៃវែង៖ នៅព្រឹកថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង រួមជាមួយនឹងមន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធ កងកំលាំងទាំងបី អាជ្ញាធរ ក្រុង ស្រុកទាំង ១៣ សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង បានរៀបចំប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវា បុណ្យឯករាជជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២១ ដែលពិធីនេះក្រោមអធិបតីភាព ឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និងឯកឧត្តម ជា សុមេធី អភិបាលខេត្ត ដែលធ្វើនៅសួនច្បារសម្តេចអគ្គធម្មពោធិសាល ជា ស៊ីម។ ឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែងមានប្រសាសន៍លើកឡើងថា ថ្ងៃនេះគឺជាទិវាបុណ្យឯករាជ្យជាតិ (០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០២១) ដែលប្រជា ជាតិកម្ពុជាទាំងមូល បានរំដោះខ្លួនទាំងស្រុងចេញពីអាណានិគមន៍បារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំ ដ៏ក្លៀវខ្លារបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តមសីហនុ។ ប្រទេសបារាំង បានដាក់អាណានិគមន៍លើដែនដីសុវណ្ណភូមិកម្ពុជាយើង អស់រយៈពេលជិតមួយសតវត្សរ៍ (១១ សីហា ១៨៦៣ -៩ វិច្ឆិកា ១៩៥៣)។ ការដាក់អាណានិគមន៍របស់បារាំងលើដែនដីកម្ពុជា ក៏ដូចជា បណ្តាប្រទេសមួយចំនួនទៀតក្នុងតំបន់អាស៊ី។ ឯកឧត្តម ប្រធានក្រុមប្រឹក្សា បានបន្តទៀតថា៖ នេះគឺជាទិវាប្រវត្តិសាស្ត្រដ៏ថ្លៃថ្លា របស់ប្រជាជាតិខ្មែរ ដើម្បីរំលឹកគុណូបការៈ ដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះព្រះវិញ្ញាណខ័ន្តព្រះបរមរតនកោដ្ឋ ដែលបានដឹកនាំទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំង និងរំលឹកគុណដល់វីរៈកុលបុត្រកុលធីតា កងកម្លាំងប្រដាប់អាវុធ នៃកងយោធពលខេមរភូមិន្ទ នៅគ្រប់ជំនាន់ ដោយបានឆ្លងកាត់នូវគ្រប់ដំណាក់កាលធំៗជាប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ រួមមានការ តស៊ូដណ្តើមឯករាជ្យ ការពុះពារ ឆ្លងកាត់ដំណាក់កាលនៃសង្គ្រាម និងរបបប្រល័យពូជសាស្រ្ត ប៉ុល ពត ជាពិសេសលើមូលដ្ឋាន នៃជ័យជម្នះថ្ងៃ០៧ មករា ឆ្នាំ១៩៧៩ ដែលបានកសាងនូវអ្វីៗគ្រប់យ៉ាង ដូចបច្ចុប្បន្ននេះ។ ឯកឧត្ដម ប្រធានក្រុមប្រឹក្សា បានបន្ថែមទៀតថា ដូច្នេះដើម្បីបន្តនូវគំរូវីរភាព ដ៏ឧត្តុងឧត្តមថ្លៃថ្លានេះ សូមកម្លាំងប្រដាប់អាវុធទាំងអស់ ជាពិសេសកងយោធពលខេមរភូមិន្ទ សូមបន្តការពារមាតុភូមិ ការពារសន្តិសុខសណ្តាប់ធ្នាប់ ថែរក្សារាល់សមិទ្ធផល របស់ជាតិឲ្យគង់វង្សស្ថិតស្ថេរ រួមចំណែក កសាង អភិវឌ្ឍន៍ប្រទេសជាតិឲ្យបានរីកចម្រើនរុងរឿង ក្នុងឯករាជ្យ សន្តិភាព ស្ថិរភាព និងរួបរួមក្នុងមហាសាមគ្គីជាតិដ៏ទូលំទូលាយ ដោយគ្មានការកើតឡើងជាថ្មីទៀត នូវសង្គ្រាមសោកនាដកម្ម និងគ្រោះមហន្តរាយដូចអតីតកាល។ ឯកឧត្ដម ប្រធានក្រុមប្រឹក្សា រួមជាមួយរដ្ឋបាលខេត្ត មន្ទីរអង្គភាពអាជ្ញាធរពាក់ព័ន្ធ កងកំលាំងទាំងបី អាជ្ញាធរក្រុងស្រុកទាំង ១៣ សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង សូមសម្ដែងនូវកត្តញ្ញូតាធម៌នឹងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ អតីតព្រះមហាវីរៈក្សត្រ ព្រះវរៈរាជបិតាឯករាជ្យជាតិ បូរណភាពទឹកដី នឹងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានបូជាព្រះកាយពល និងព្រះបញ្ញញា្ញណជំនះគ្រប់ឧបសគ្គ ដើម្បីនាំមកនូវសន្តិភាព ផ្សះផ្សាជាតិ ភាពចម្រុងចម្រើន និងកិត្តិយសដល់មាតុភូមិកម្ពុជា និងប្រជារាស្រ្ត៕